ការជ្រើសរើសជំនាញរៀនបន្តបន្ទាប់ពីចប់ថ្នាក់ទី ១២

 តើខ្ញុំគួរជ្រើសរើសជំនាញអ្វី ដើម្បីរៀន?

ខាងលើនេះ ជាសំណួរដែលប្អូនៗសិស្សានុសិស្សភាគច្រើនតែងចោទសួរខ្លួនឯង ក៏ដូចជាអ្នកដទៃ ។ ថ្ងៃនេះដែរ ខ្ញុំសូមលើកមកបង្ហាញជូននូវគំនិតយោបល់ខ្លះៗទាក់ទងនឹងការជ្រើសរើសជំនាញ ដែលមានដូចខាងក្រោម ៖

1. រៀនអ្វីដែលខ្លួនស្រឡាញ់ ៖ បើយើងមិនស្រឡាញ់ជំនាញនោះទេ កុំចាំបាច់ទៅរៀននាំតែខាតពេលទេ ព្រោះថា បើយើងមិនស្រឡាញ់ ពេលរៀនយើងជួបឧបសគ្គនោះ យើងនឹងមិនតស៊ូពុះពារដោះស្រាយ គឺយើងរៀនដើម្បីតែរៀន ឬអាចនិយាយបានថា​ រៀនដើម្បីកំដរគេ ។ តែផ្ទុយទៅវិញ បើយើងពិតជាស្រឡាញ់ជំនាញនោះមែន យើងនឹងខិតខំប្រឹងប្រែង ចង់ចេះ ចង់ដឹងបន្ថែមអំពីជំនាញនោះទោះបីជាលំបាកខ្លះយ៉ាងណាក៏ដោយ ដែលជាហេតុធ្វើឱ្យការសិក្សារបស់យើងទទួលបានជោគជ័យពេលរៀនចប់ ។ ទាំងនេះមិនខុសពីការជ្រើសរើសគូស្រករទេ គឺបើយើងជ្រើសរើសនូវនរណាម្នាក់ ដែលយើងមិនស្រឡាញ់ ឬជ្រើសរើសតាមឪពុកម្តាយ នោះប្រាកដជាយើងគ្មានសុភមង្គលដែរ ។

2. រៀនអ្វីដែលខ្លួនមានដុង ឬទេពកោសល្យពីធម្មជាតិ (ចូលចិត្តតាំងពីតូច) ៖ រៀនអ្វីដែលយើងមានដុងនោះនឹងជួយឱ្យការរៀនសូត្ររបស់យើងទទួលបានជោគជ័យយ៉ាងឆាប់រហ័ស រៀនឆាប់ចាំ ឆាប់ចេះ ។

3. រៀនអ្វីដែលខ្លួនឯងអាចទៅរួច ៖ ឧទាហរណ៍ថា យើងចង់រៀនពេទ្យ តែបើយើងខ្សោយខាងគីមីវិទ្យា និងជីវវិទ្យានោះយើងប្រាកដជាពិបាកក្នុងការរៀន ព្រោះថា រៀនជំនាញនេះត្រូវការចេះច្បាស់ ។​ តែមិនមានន័យថា យើងខ្សោយខាងមុខវិជ្ជាទាំងនេះមិនអាចរៀនបាននោះទេ តែយើងត្រូវបង្កើនការខិតខំប្រឹងប្រែងច្រើនជាងអ្នកដែលពូកែខាងជំនាញនេះ ទើបយើងអាចរៀនទាន់គេបាន ។ ណាមួយទៀត ជំនាញនេះ ក៏ត្រូវការចំណាយផ្ទាល់ខ្លួនក្នុងការសិក្សាច្រើនជាងជំនាញផ្សេងផងដែរ ។ (សមត្ថភាព + ថវិកា)


បីចំនុចខាងលើនេះ គឺគ្រាន់តែជាគំនិតយល់ឃើញរបស់ខ្ញុំផ្ទាល់ខ្លួនតែប៉ុណ្ណោះ តែទន្ទឹមនឹងនោះ គឺមានកត្តាផ្សេងៗទៀតផងដែរ ហើយមួយទៀត អ្នកខ្លះនិយាយថា រៀនជំនាញណាដែលមានទីផ្សារ ស្រួលរកការងារធ្វើ ប៉ុន្តែ សម្រាប់ខ្ញុំវិញយល់ឃើញថា ជំនាញណាក៏ដូចជំនាញណាដែរ គឺសុទ្ធតែមានតម្រូវការការងារដូចៗគ្នា បើយើងចេះច្បាស់ នោះពិតជាមិនខ្វះការងារឡើយ មិនថាជំនាញនោះមិនសូវមានតម្រូវការក្នុងទីផ្សារក្តី ។ សព្វថ្ងៃ ប្រទេសកម្ពុជាយើងនៅខ្វះធនធានដែលមានគុណភាពច្រើនណាស់ ពោលគឺមាននិស្សិតជាច្រើនដែលចប់ទៅគ្មានការងារច្បាស់លាស់ ដោយសារតែកត្តាគុណភាព និងសមត្ថភាពនៅមានកម្រិត ។ ដូច្នេះ អាចសរុបបានថា រៀនជំនាញអ្វីក៏បាន តែត្រូវប្រាកដថា យើងរៀនឱ្យចេះច្បាស់ ដូចពាក្យចាស់បុរាណលោកលើកឡើងថា បើចេះប្រាកដ ប្រាក់រត់តាមហៅ ។ 

សូមអរគុណ!


@តុលាខេម

Comments

Popular posts from this blog